រឿង “ក្ដី​ស្រមៃ​របស់​ក្មេង​តូច”


កាលពីនៅក្មេងខ្ញុំមានក្ដីស្រមៃជាច្រើន។ ដំបូងខ្ញុំចង់ក្លាយជាគ្រូបង្រៀន ដើម្បីផ្ទេរចំណេះដឹងដែលខ្លួនមានទៅអោយអ្នកដទៃ។ ម៉្យាងទៀតដោយសារតែនៅក្មេង ខ្ញុំមិនដឹងថាមានការងារអ្វីផ្សេងដែលខ្ញុំរំពឹងថាខ្លួនឯងមាន សមត្ថភាពអាចធ្វើបាននោះទេ គឺខ្ញុំស្រមៃមិនចេញនោះទេក្រៅពីការងារធ្វើជាគ្រូបង្រៀនដែល ខ្ញុំសម្លឹងឃើញជារៀងរាល់ថ្ងៃ។ ខ្ញុំគិតថាគ្រូបង្រៀនជាការងារមួយដ៏ល្អ ដោយសារសង្គមខ្មែរអោយតម្លៃថា គ្រូគឺជាមាតាបិតាទីពីរ។ លុះធំបន្តិចទៅខ្ញុំគិតថា ធ្វើជាគ្រូបង្រៀនគឺពិតជាពិបាកខ្លាំងណាស់។
ពេលនៅថ្នាក់បឋម ខ្ញុំឃើញអ្នកគ្រូខ្ញុំយកនំមកលក់ក្នុងថ្នាក់រាល់ថ្ងៃ ហើយខ្ញុំមិនហ៊ានចេញទៅទិញនំ ដែលគេលក់នៅខាងក្រៅថ្នាក់មកញ៉ាំទេ ខ្លាចអ្នកគ្រូអន់ចិត្ត។ ហើយគ្រូនៅថ្នាក់បឋម គាត់តែងតែប្រមូលលុយពីសិស្សសម្រាប់ថ្លៃបង្រៀនជារៀងរាល់ថ្ងៃ ទោះបីកន្លែងបង្រៀនជាសាលារដ្ឋក៏ដោយ។ ឯគ្រូប្រុសៗវិញ ខ្ញុំឃើញគាត់ក្រៅពីបង្រៀន គាត់មានមុខរបរមួយទៀតគឺរត់ម៉ូតូឌុប។ នៅថ្នាក់បឋម គ្រូម្នាក់បង្រៀនគ្រប់មុខវិជ្ជាទាំងអស់របស់ថ្នាក់រៀនមួយ។ ហើយមានតែគ្រូម្នាក់នេះគត់ ដែលជាគ្រូទទួលបន្ទុកថ្នាក់ប្រមូលលុយពីសិស្សជារៀងរាល់ថ្ងៃ ដើម្បីទប់ទល់នឹងជីវភាព។ តែដល់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ចំនួនគ្រូគឺបែងចែកតាមមុខវិជ្ជាផ្សេងៗ។ ហើយពួកគាត់មិនលក់នំក្នុងថ្នាក់ រឺក៏ប្រមូលលុយថ្លៃបង្រៀនទៀតទេ តែប្ដូរមកលក់ឯកសារសម្រាប់បង្រៀនវិញជារៀងរាល់ម៉ោង។ មួយថ្ងៃត្រូវរៀន៤ម៉ោង ថ្ងៃណាដែល៤ម៉ោងនោះមានមុខវិជ្ជាខុសៗគ្នាទាំងអស់ សិស្សក៏ត្រូវទិញសំណៅឯកសារគ្រប់ម៉ោង។ ម៉្យាងទៀត មុខវិជ្ជាខ្លះដែលគ្រូអាចបើកគួរបង្រៀនបានដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាខ្មែរ គ្រូតែងបើកម៉ោងបង្រៀនគួរ ហើយក៏មានគ្រូមួយចំនួនតូចបានដាក់សំពាធទៅលើសិស្សដែលមិនមករៀន គួរបន្ថែមជាមួយគាត់ ដោយដាក់ពិន្ទុអោយតិច ចំណែកឯសិស្សមករៀនគួរជាមួយគាត់ គឺតែងបានពិន្ទុច្រើន និងបានដឹងវិញ្ញាសាប្រលងមុនជាដើម។ ឯឪពុកម្ដាយសិស្សវិញ គឺដឹងពីបញ្ហាផ្នែកជីវភាពរបស់គ្រូដែរ ក៏អោយលុយកូនយកមកសម្រាប់ទិញសំណៅឯកសារ និងរៀនគួរជាមួយគ្រូទៅ។ ចំពោះសិស្សដែលក្រីក្រគ្មានលុយសម្រាប់ទិញសំណៅឯកសារ និងរៀនគួរត្រូវប្រាប់គ្រូមុន គ្រូនឹងអនុញ្ញាតអោយរៀន និងបានសំណៅឯកសារដោយមិនចាំបាច់អស់លុយ តែត្រូវប្ដូរមកធ្វើជាអ្នកប្រមូលលុយរៀនគួរ និងចែកឯកសារអោយសិស្សដទៃទៀត ជំនួសដៃជើងគ្រូ។
ពេលទំនេរខ្ញុំចូលចិត្តសួរទៅមិត្តភ័ក្ដិខ្ញុំពីរឿងថា ធំឡើងមានក្ដីស្រមៃចង់ធ្វើអីណាស់។ ខ្ញុំតែងតែនិយាយថា ខ្ញុំចង់ធ្វើជាគ្រូបង្រៀន ឯមិត្តខ្ញុំវិញ ហាក់គ្មានអ្នកណាម្នាក់ចង់ធ្វើជាគ្រូបង្រៀនសោះ។ ឯប៉ាម៉ាក់ខ្ញុំគាត់និយាយថា ធ្វើគ្រូបង្រៀនសម័យនេះបានប្រាក់ខែតិចណាស់ បើមិនរកមុខរបរមួយទៀតមកចិញ្ចឹមជីវិតទេ ច្បាស់ជាដាច់ខ្យល់ស្លាប់ហើយ មិនដូចកាលពីមុនសម័យប៉ុលពត ជំនាន់ឆ្នាំហា-ហុកសិបប្លាយនោះទេ។ កាលសម័យនោះ មុខរបរគ្រូបង្រៀនគេអោយតម្លៃណាស់។ គាត់ថាបើទៅដណ្ដឹងកូនគេវិញ គ្រាន់តែប្រាប់គេថាមុខរបរធ្វើគ្រូបង្រៀន គេលើកកូនអោយដៃដប់។ តែសម័យឥឡូវគ្មាននរណាគេអោយតម្លៃទៀតទេ។ រហូតគេបង្កើតជាពាក្យគន្លាស់កាត់បែបកំប្លែងថា៖ ‹‹ពីដើម គ្រូប្រពន្ធល្អ ឥឡូវ ក្រប្រពន្ធឡាអ៊ូ(រអ៊ូ)››។ នេះមានន័យថា សម័យដើមបើធ្វើជាគ្រូបង្រៀន គឺតែងតែបានប្រពន្ធល្អស្អាត ប៉ុន្តែសម័យឥឡូវបើធ្វើជាគ្រូបង្រៀន អ្នកដែលជាប្រពន្ធច្បាស់ជារអ៊ូស្លាប់ហើយដោយសារបញ្ហាជីវភាព។ ពេលឮឪពុកម្ដាយខ្ញុំនិយាយដូច្នោះ ហើយមើលទៅមុខរបរគ្រូជាក់ស្ដែងវាដូច្នេះមែន ខ្ញុំក៏មានអារម្មណ៍គិតចង់ប្ដូរក្ដីស្រមៃមួយនេះចេញ ទាំងមានអារម្មណ៍មិនអស់ចិត្តនឹងសង្គមមួយនេះ។
ក្ដីស្រមៃបន្ទាប់ ខ្ញុំក៏គិតថាចង់ក្លាយជាអ្នកនិពន្ធ ព្រោះខ្ញុំចូលចិត្តអានកំណាព្យ និងមេសូត្រផ្សេងៗ អោយតែឡើងថ្នាក់បានសៀវភៅពុម្ពថ្មី ខ្ញុំតែងបើករកមើលទំព័រដែលមានមេសូត្រ រឺកំណាព្យ យកមកសូត្រលេង។ តែគិតៗទៅមុខរបរនេះ ក៏យ៉ាប់យ៉ឺនមិនចាញ់គ្រូបង្រៀនដែរ។ ក្រោយមក ខ្ញុំក៏គិតថាចង់ក្លាយជាអ្នកសិល្បៈដូចជា តារាចម្រៀង រឺតារាសម្ដែងជាដើម មើលទៅហាក់ដូចជាសប្បាយ ហើយស្រួលរកលុយណាស់។ ពេលដែលបានល្បីឈ្មោះ មានគេចាប់អារម្មណ៍ច្រើន ហើយបើនិយាយពីសំលៀកបំពាក់វិញ គឺបានស្លៀកពាក់ស្អាតៗ និងឡូយឆាយទៀតផង។ ប៉ុន្តែខ្ញុំសាកឆ្លុះកញ្ចក់មើលមុខខ្លួនឯងទៅគ្មានត្រង់ណាស្អាត អីបន្តិចសោះ។ បើនិយាយពីចម្រៀងវិញខ្ញុំចូលចិត្តច្រៀងលេងណាស់បទណាក៏ចេះដែរ តែបើនិយាយពីសំឡេងវិញដូចទាអួលកន្ទក់អញ្ចឹង។ ខ្ញុំក៏បោះបង់ក្ដីស្រមៃនេះចោលទៀត។ ហើយក្រោយមកខ្ញុំចង់ក្លាយជាវេជ្ជបណ្ឌិត ព្រោះខ្ញុំចង់ជួយសង្គ្រោះព្យាបាលអ្នកជំងឺអោយជាសះស្បើយ។ ហើយខ្ញុំចង់ឃើញស្នាមញញឹមរបស់អ្នកដែលបានធូរស្រាលពីរោគា ក្រោកឡើងតស៊ូក្នុងជីវិតសារជាថ្មី។ ប៉ុន្តែខ្ញុំរៀនមុខវិជ្ជាដែលត្រូវការសម្រាប់ប្រលងចូលសាលាពេទ្យ មិនពូកែសោះ។ ហើយខ្ញុំក៏ដឹងដែរថាគ្រួសារខ្ញុំពុំសូវមានជីវភាពធូរធារទេ ដូច្នេះប្រាកដជាមានការលំបាកក្នុងការផ្គត់ផ្គង់អោយខ្ញុំរៀនមុខ ជំនាញនេះ។ ដោយសារមុខជំនាញនេះ ត្រូវការចំណាយថវិកាច្រើន និងត្រូវចំណាយរយៈពេលជាច្រើនឆ្នាំ។
ឯថ្លៃសាលាវិញក៏ត្រូវចំណាយអស់ច្រើន ហើយពេលប្រលងបំណាច់ឆមាសម្ដងៗ គេទម្លាក់សិស្សអស់ព្រោងព្រាត សិស្សក៏ត្រូវបង់លុយប្រលងសងឡើងវិញ។ ជំនាន់នោះ ខ្ញុំឮថាមុខជំនាញនេះ មានសិស្សដាច់ចិត្តបោះបង់ក្ដីស្រមៃរបស់ខ្លួន ចោលពាក់កណ្ដាលទីរាប់រយនាក់។
ចុងក្រោយបង្អស់ ខ្ញុំគិតថាខ្ញុំនៅតែចង់ក្លាយជាគ្រូបង្រៀនវិញដដែល ក្រោយពេលខ្ញុំបានចូលរៀនយកជំនាញភាសាជប៉ុននៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ ខ្ញុំគិតថាខ្ញុំចង់ធ្វើជាគ្រូបង្រៀននៅទីនោះ ទោះជាមានជីវភាពលំបាកបន្តិចក៏ដោយ។ ខ្ញុំគិតថាដេប៉ាតឺម៉ង់មួយនេះទើបតែបង្កើតឡើងថ្មី ហើយខ្ញុំជាសិស្សជំនាន់ទីពីរ ច្បាស់ជាអាចត្រូវបានគេជ្រើសរើសសម្រាប់ធ្វើជាគ្រូបង្រៀននៅ ទីនោះជាក់ជាមិនខាន។ បើបានធ្វើជាគ្រូនៅសាកលវិទ្យាល័យ គឺពិតជានៅមានជីវភាពគ្រាន់បើជាងធ្វើគ្រូបង្រៀននៅថ្នាក់ក្រោម។ ហើយក្រៅពីធ្វើជាគ្រូបង្រៀនភាសាជប៉ុន បើសិនជាអាចឆ្លៀតបាន ខ្ញុំក៏អាចបកប្រែឯកសារផ្សេងៗមួយចំនួន និងធ្វើជាអ្នកបកប្រែផ្ទាល់មាត់ក្រៅម៉ោងបាន វាអាចជួយសម្រួលជីវភាពបានមួយកម្រិតដែរ។ នេះអាចជាមុខរបរទីពីររបស់ខ្ញុំ ជំនួសអោយការលក់នំ និងសំណៅឯកសារក្នុងថ្នាក់ដូចគ្រូថ្នាក់ក្រោម។ ទីបំផុតក្ដីស្រមៃដែលខ្ញុំមានតាំងពីតូចមក ក៏ក្លាយជាការពិត។ ពេលនោះក្នុងចំណោមសិស្សដែលចូលរៀនជំនាន់ទីពីរដំណាលខ្ញុំ មានតែខ្ញុំម្នាក់គត់ដែលត្រូវបានជ្រើសរើសអោយបង្រៀននៅទីនោះ ក្រៅពីនោះសុទ្ធតែជាសិស្សជំនាន់ទីមួយទាំងអស់។ ខ្ញុំពិតជាមានមោទនភាពណាស់ ពេលនេះខ្ញុំបានក្លាយទៅជាគ្រូបង្រៀននៅសាកលវិទ្យាល័យ ទាំងខ្ញុំដឹងថាខ្លួនឯងពុំទាន់សាកសមនឹងបង្រៀននៅទីនោះផង។ ទោះ ជាការធ្វើការនៅទីនោះ ធ្វើអោយខ្ញុំមានបញ្ហាលំបាកខាងជីវភាពបន្តិចមែន ប៉ុន្តែខ្ញុំបានធ្វើការងារដែលខ្ញុំស្រឡាញ់ចូលចិត្តតាំងពីតូចមក ដូច្នេះខ្ញុំតែងតែខំប្រឹងធ្វើការយ៉ាងសប្បាយរីករាយ ហើយតស៊ូអស់ពីកម្លាំងកាយចិត្ត។
ខ្ញុំសង្ឃឹមថាថ្ងៃណាមួយទីនោះនឹងកែប្រែ និងអោយតម្លៃដល់គ្រូអោយបានច្រើនជាងនេះ។ មិនមែនអោយគ្រូរស់បានតែមួយក្រពះៗ ដូចសព្វថ្ងៃនេះទេ។ ហើយមិនមែនតែទីនោះទេ សង្គមខ្មែរទាំងមូលនឹងកែប្រែនៅថ្ងៃណាមួយជាក់ជាមិនខាន។ ខ្ញុំរំពឹងថា គេនឹងអោយតម្លៃដល់អ្នកដែលខំប្រឹងធ្វើជាគ្រូបង្រៀន ទោះបីមិនដូចកាលពីសម័យម្ដាយឪពុកខ្ញុំនៅរៀនក៏ដោយ ក៏អោយសមទៅនឹងតម្លៃការងារ ជាអ្នកអប់រំបណ្ដុះបណ្ដាលធនធានមនុស្សរបស់ពួកគាត់ដែរ។ ខ្ញុំមិនចង់ឮពាក្យចំអកអោយអ្នកដែលមានមុខរបរជាគ្រូបង្រៀនថា៖ ‹‹ពីដើមគ្រូប្រពន្ធល្អ ឥឡូវក្រប្រពន្ធឡាអ៊ូ(រអ៊ូ) នោះទៀតទេ››៕
The post រឿង “ក្ដី​ស្រមៃ​របស់​ក្មេង​តូច” appeared first on Cam Share.
Share on Google Plus

About GoViral

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments: