ក្នុងចំណោមសត្វទាំង ១២ ក្នុងឆ្នាំចិន សេះតំណាងឱ្យលក្ខណៈសម្បត្តិអស្ចារ្យជាច្រើន។ អស់រាប់សតវត្សរ៍មកហើយ សេះគឺជារបស់មានតម្លៃមិនអាចកាត់ថ្លៃបានរបស់មនុស្ស ព្រោះវាជាដៃគូក្នុងសង្គ្រាម ហើយពេលស្រុកទេសមានសន្តិភាព គេយកសេះមកធ្វើជាមធ្យោបាយដឹកជញ្ជូន។
ព្រះចៅអធិរាជរ៉ូម៉ាំងចាត់ទុកសេះជាព្រះរបស់ទ្រង់។ សព្វថ្ងៃសេះត្រូវគេប្រើក្នុងកីឡាប្រណាំងសេះ និងកីឡាជិះសេះ។ ហើយមនុស្សបច្ចុប្បន្ននៅតែឱ្យតម្លៃលើសន្ទុះ និងល្បឿនដ៏អស្ចារ្យដែលសេះមានតាំងពីសម័យបុរាណ។
ក្នុងក្បួនហុងស៊ុយ សេះត្រូវបានគេផ្សាភ្ជាប់ទៅនឹងល្បឿន កម្លាំង ការអំណត់តស៊ូ និងកិត្យានុភាព។ សេះក៏តំណាងឱ្យការហូរចូលទ្រព្យសម្បត្តិ និងជ័យជម្នះគ្រប់ឧបសគ្គផងដែរ ព្រោះកាលពីសម័យបុរាណ គេប្រើសេះអូសទំនិញនិងរបស់របរផ្សេងទៅផ្ទះ ឬទៅផ្សារសម្រាប់លក់ និងប្រើវាក្នុងសង្គ្រាមច្បាំងគ្រប់សមរភូមិ។
មនុស្សបច្ចុប្បន្ន ចាត់ទុកសេះជាសេចក្តីក្លាហាន និងល្បឿនដ៏លឿន ហេតុនេះហើយទើបម៉ាស៊ីនរថយន្តត្រូវគេវាស់តាមខ្នាត "កម្លាំងសេះ"។
នៅក្នុងផ្ទះ រូបសេះសខ្មៅដែលតាំងនៅទិសខាងត្បូងនឹងជួយជំរុញការទទួលស្គាល់ស្នាដៃ ការងារ កិត្តិនាម និងការឡើងតំណែងសម្រាប់សមាជិកក្នុងគ្រួសារទាំងមូលព្រមទាំងនាំមកនូវ ការគោរពពីមនុស្សជុំវិញខ្លួនផងដែរ ជាពិសេសស្ត្រីមេផ្ទះ ដែលមនុស្សទូទៅចាត់ទុកជាមនុស្សឥតសូវមានតម្លៃនោះ។
សេះសខ្មៅតាំងនៅទិសពាយ័ព្យនឹងជំរុញការទទួលស្គាល់ស្នាដៃក្នុង សង្គមជាតិ ហើយបើតាំងនៅទិសឦសានវិញនឹងជួយឱ្យអ្នកសិក្សាទាំងឡាយជោគជ័យក្នុង មុខវិជ្ជាដែលខ្លួនខំរៀន និងទទួលបានជំនាញដែលសង្គមឱ្យតម្លៃដូចមាស។ សេះសខ្មៅក៏ត្រូវបានផ្សាភ្ជាប់ជាមួយនឹងជីវិតស្រណុកសុខស្រួល សម្រាប់អ្នករកស៊ីទាំងឡាយ និងអ្នកដែលកាន់តំណែងជាន់ខ្ពស់ផងដែរ។
ភ្លើងគឺជាធាតុធម្មជាតិរបស់សេះ ហើយសត្វដ៏អស្ចារ្យនេះគឺជាម៉ាស៊ីនដ៏ខ្លាំងក្លាដើម្បីជំរុញអំណាចរបស់មនុស្សប្រុស។ រូបសេះសខ្មៅតែងតែត្រូវបានមហាសេដ្ឋីចិនតាំងនៅក្នុងការិយាល័យ និងផ្ទះ ហើយរូបសេះដែលល្អសម្រាប់ពួកគេគឺសេះទោល ឬសេះ ៩ ក្បាល៕
0 comments:
Post a Comment